Romans 4

1តើយើង​នឹង​និយាយ​យ៉ាង​ដូចម្ដេចអំពី​លោក​អ័ប្រាហាំ​ដែល​ជាដូនតា​របស់​យើងខាងឯសាច់ឈាម? 2ព្រោះបើ​លោក​អ័ប្រាហាំ​ត្រូវ​បាន​រាប់​ជា​សុចរិតដោយសារ​ការ​ប្រព្រឹត្តិ​របស់​គាត់​នោះ​គាត់​មុខជា​មានហេតុផល​ដើម្បី​អួតអាងប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ 3តើបទគម្ពីរចែង​យ៉ាង​ដូចម្ដេច​ដែរ? ​បទគម្ពីរ​ចែង​ថា៖ ​«លោក​អ័ប្រាហាំជឿព្រះជាម្ចាស់ហើយ​ព្រះជាម្ចាស់​ក៏​រាប់គាត់​ជា​សុចរិតដោយសារ​ជំនឿ​នោះ»។ 4សម្រាប់អ្នកធ្វើការរង្វាន់​ដែល​គេ​ទទួល​នោះ​មិនរាប់ថាជាគុណទេផ្ទុយទៅវិញគឺជាថ្លៃឈ្នួល 5រីឯអ្នក​ដែលមិនប្រព្រឹត្ដ​តែ​ជឿ​ព្រះអង្គ​ដែល​បាន​រាប់​មនុស្ស​មិន​គោរព​កោតខ្លាចព្រះជាម្ចាស់​ជា​សុចរិត​នោះ​ព្រះជាម្ចាស់​នឹង​រាប់​គេ​ជាសុចរិត​ដោយសារ​ជំនឿ​របស់​គេ​នោះ​ឯង 6សូម្បីតែស្ដេច​ដាវីឌ​ក៏​និយាយ​អំពី​ព្រះពរ​សម្រាប់​មនុស្សដែលព្រះជាម្ចាស់​បាន​រាប់​ជា​សុចរិតដោយ​មិន​គិត​អំពី​ការប្រព្រឹត្តិដែរថា 7«មានពរហើយ​អស់​អ្នកដែលទទួល​បាន​ការ​លើកលែង​ទោស​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួនហើយ​ត្រូវ​បាន​គ្របបាំង​ឲ្យ​រួច​ពីបាប 8មានពរហើយមនុស្សណាដែលព្រះអម្ចាស់មិនប្រកាន់បាប​របស់​គេ»។ 9ដូច្នេះតើ​ព្រះពរនេះសម្រាប់​ពួក​អ្នក​កាត់ស្បែកមួយសម្រាប់​ពួក​អ្នក​មិនកាត់ស្បែកដែរ? ​ដ្បិត​យើង​និយាយថា​ព្រះជាម្ចាស់​បាន​រាប់​លោក​អ័ប្រាហាំជាសុចរិត​ដោយសារ​ជំនឿ​របស់​គាត់។ 10តើរាប់​ជា​សុចរិត​យ៉ាង​ដូចម្ដេច? ​តើ​នៅ​ក្រោយ​ពេលកាត់ស្បែកមួយ​នៅ​ពេលមិន​ទាន់​កាត់ស្បែក? ​មិនមែន​នៅ​ក្រោយ​ពេលកាត់ស្បែកទេគឺ​នៅ​ពេលមិន​ទាន់​កាត់ស្បែក​នៅ​ឡើយ។ 11លោកអ័ប្រាហាំ​បាន​ទទួលទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រានៃ​សេចក្ដី​សុចរិត​ដែល​គាត់​មាន​ដោយសារ​ជំនឿពេលមិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ដើម្បី​ឲ្យ​គាត់ត្រលប់ជាឪពុក​របស់​អស់អ្នកដែលជឿដោយមិន​បាន​កាត់ស្បែក​ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន​រាប់​ជា​សុចរិតដែរ 12ព្រមទាំងឲ្យ​ត្រលប់ជា​ឪពុក​របស់​ពួក​អ្នកកាត់ស្បែក​ដែរ​គឺ​មិនត្រឹមតែ​អ្នក​កាត់ស្បែកប៉ុណ្ណោះ​ទេ​ថែមទាំង​អស់​អ្នកដែលដើរតាមលំអាន​នៃ​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែល​ជាដូនតា​របស់​យើង​គឺជា​ជំនឿ​ដែល​គាត់​មាន​នៅ​ពេលមិន​ទាន់​កាត់​ស្បែក​នៅឡើយ។ 13ព្រះបន្ទូលសន្យា​សម្រាប់​លោក​អ័ប្រាហាំ​ដល់​ពូជពង្ស​របស់​គាត់​ដែល​ថាគាត់​នឹង​បាន​ផែនដី​ជា​មរតក​នោះ​មិនមែនតាមរយៈគម្ពីរវិន័យទេគឺតាមរយៈ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ 14បើពួក​អ្នកធ្វើតាមគម្ពីរវិន័យ​ជា​អ្នក​ស្នង​មរតក​នោះ​ជំនឿ​ត្រលប់ជា​គ្មាន​ប្រយោជន៍ហើយ​ព្រះបន្ទូល​សន្យា​ក៏​គ្មានតម្លៃ​ដែរ។ 15រីឯគម្ពីរវិន័យនាំ​ឲ្យ​មាន​សេចក្ដី​ក្រោធដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យ​កន្លែង​នោះ​ក៏​គ្មាន​ការ​ល្មើសដែរ 16ដូច្នេះហើយតាមរយៈជំនឿស្របតាម​ព្រះ​គុណ​ដែល​ព្រះបន្ទូល​សន្យាត្រលប់ជាការពិត​សម្រាប់​ពូជពង្សទាំងអស់​របស់​លោក​អ័ប្រាហាំ​គឺ​មិនមែន​សម្រាប់​តែ​អស់​អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេគឺ​សម្រាប់​អស់​អ្នក​ដែល​មានជំនឿ​របស់​លោក​អ័ប្រាហាំដែរ​ដ្បិត​គាត់ជាឪពុក​របស់​យើងទាំងអស់គ្នា 17ដូចមាន​សេចក្ដី​ចែង​ទុក​ថា៖ ​«យើង​បាន​តាំងអ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជនជាតិ​ជា​ច្រើន»។ ​គាត់​ជា​ឪពុក​របស់​យើង​នៅក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ដែល​គាត់​បាន​ជឿ​គឺ​ជា​ព្រះដែលប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញនិងមានបន្ទូល​ឲ្យ​អ្វី​ដែល​គ្មានរូបរាងត្រលប់ជាមានរូបរាង 18នៅពេលគាត់អស់សង្ឃឹម​គាត់​បាន​មាន​សង្ឃឹម​ឡើង​វិញ​ដោយសារ​គាត់​មាន​ជំនឿ​ដូច្នេះហើយគាត់​បាន​ត្រលប់ជាឪពុក​របស់​ជនជាតិ​ជា​ច្រើនស្របតាម​សេចក្ដី​ដែល​បាន​សន្យា​ថា៖ ​«ពូជពង្ស​របស់​អ្នក​នឹង​បានដូច្នេះ»។ 19ទោះបីរូបកាយ​របស់​គាត់​មាន​អាយុ​ជិតមួយ​រយ​ឆ្នាំ​ដែល​ចាត់ទុកដូចជាស្លាប់ហើយផ្ទៃ​របស់​សារ៉ាមិន​អាច​មាន​កូន​ក៏ដោយ​ក៏​ជំនឿ​របស់​គាត់​មិន​ចុះ​ខ្សោយឡើយ 20គាត់មិន​បាន​សង្ស័យ​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ដោយ​ចិត្ដ​មិន​ជឿ​នោះ​ដែរ​គឺ​គាត់​កាន់តែ​មាន​ជំនឿ​ខ្លាំង​ឡើង​ថែម​ទៀត​ទាំង​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់ 21ហើយគាត់​ជឿប្រាកដថា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ព្រះអង្គ​ក៏អាចធ្វើបានដែរ 22ហេតុនេះហើយ​បានជា​ព្រះជាម្ចាស់​រាប់គាត់ជាសុចរិត 23សេចក្ដីដែល​ចែង​ទុក​ថា​ព្រះជាម្ចាស់​បាន​រាប់​គាត់​ជាសុចរិត​មិន​មែន​កត់ត្រា​ទុក​សម្រាប់តែគាត់ម្នាក់ទេ 24គឺសម្រាប់យើង​គ្រប់​គ្នាដែរដែល​នឹង​ត្រូវ​បាន​រាប់​ជា​សុចរិត​ជា​អ្នក​ដែលជឿលើ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ​យេស៊ូជាព្រះអម្ចាស់​របស់​យើង​ឲ្យ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ 25ព្រះយេស៊ូត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​សម្លាប់​ដោយសារទោសកំហុស​របស់​យើងតែ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញដើម្បីរាប់យើង​ជា​សុចរិត
Copyright information for KhmKCB